គម្រោងស្ពានអាកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានរៀបចំពិធីភ្ជាប់
ភ្នំពេញ៖ គម្រោងស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត ( ស្ពានអាកាសភ្លោះផ្លូវជាតិលេខ២ ) ស្ថិតនៅព្រំព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើពិធីភ្ជាប់តួស្ពានជាផ្លូវការ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។
លោកបន្តថា ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដា្ឋនសាងសង់ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោងតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ។
ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ មានបណ្ដោយស្ពាន ៦២២ម៉ែត្រ ក្នុងនោះស្ពានទី១ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពី កាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។
ទម្ងន់ផ្ទុកអនុញ្ញាតគឺ ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន ៣ គន្លង មានទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មានគម្លាត៩ម៉ែត្រ ដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕