Close

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ប្ដេជ្ញាចិត្តផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:04 am ព័ត៌មានជាតិ
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ប្ដេជ្ញាចិត្តផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ប្ដេជ្ញាចិត្តផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ

កំពង់ធំ៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech បានប្ដេជ្ញាចិត្តធ្វើការផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ ដើម្បីធានាក្នុងការនាំចេញឲ្យបាន ១,៥០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ២០២៥នេះ សម្រាប់ផ្គត់ផ្គង់ដល់ដៃគូរ សហការជាមួយ ប្រទេសជប៉ុន បានចំនួន៧០តោន និងលក់ក្នុងស្រុកខ្មែរ បានចំនួន៣០តោន ធ្វើការចរចាចំនួន៤ ក្រុមហ៊ុន ដែលកំពុងធ្វើមាន(កាណាដា កូរ៉េ ជប៉ុនថៃ)ផងដែរ។

ការប្តេជ្ញាចិត្តរបស់រោងចក្រធ្វើឡើងក្នុងពេល លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដំណើរដោយ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ប្ដេជ្ញាចិត្តផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ

លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech បានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រមទាំងសហគមន៍ទំនើបទាំង៣ ស្ថិតក្នុងខេត្តកំពង់ធំផងដែរ។

លោក បន្ថែមថា ក្រុមហ៊ុនកំពុងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន ៦ តោន ក្នុង១ថ្ងៃ (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប។ ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ នាពេលខាងមុខ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីគម្រោងផែនការវិនិយោគរបស់ក្រុមហ៊ុននាពេលអនាគត ដោយរួមទាំងគម្រោងផលិតប្រេងជីវឥន្ធនៈផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី និងការនាំយកនូវគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនសម្រាប់បម្រើឱ្យការកែច្នៃ។

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ប្ដេជ្ញាចិត្តផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយដែលក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ ហើយដំណាំស្វាយចន្ទីក៏មានសក្តានុពលខ្ពស់ ដែលអាចធ្វើកែច្នៃបាននៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃផលិតកម្ម ដូចជាការកែច្នៃសំបកគ្រាប់ស្វាយចន្ទីធ្វើជាជីវឥន្ធនៈ គ្រឿងសំអាង និងសូម្បីតែមែកដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។

លោក វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំអាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។

ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី (contract farming) ពីសហគមន៍និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម៕


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ប្ដេជ្ញាចិត្តផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ