សុះ ស៊ូហាណា នឹងជំនួសតំណែងកីឡាករ ជូ ស៊ីនទី នៅក្នុងក្រុមជម្រើសជាតិកម្ពុជា
ខ្សែបម្រើក្រុមបាល់ទាត់ណាហ្គាវើលដ៍ កីឡាករ សុះ ស៊ូហាណា នឹងជំនួសតំណែងកីឡាករ ជូ ស៊ីនទី នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នឹង ក្រុមជម្រើសជាតិអារូបា។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៖
«ខ្សែបម្រើក្រុមបាល់ទាត់ណាហ្គាវើលដ៍ កីឡាករ សុះ ស៊ូហាណា នឹងជំនួសតំណែងកីឡាករ ជូ ស៊ិនទី នៅក្នុងក្រុមជម្រើសជាតិកម្ពុជា មូលហេតុដោយសារតែកីឡាករ ជូ ស៊ីនទី មានបញ្ហារបួសអំឡុងពេលប្រកួត។ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានតាមដានពីបញ្ហារបួសនេះហើយគ្រូពេទ្យបានបញ្ជាក់ថា កីឡាករ ជូ ស៊ីនទី មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាបានឡើយ»។
កីឡាករចាស់វស្សាររហស្សនាមផ្ការីកគ្រប់រដូវ សុះ ស៊ូហាណា នៅតែរីកដូចឈ្មោះ ទោះបីជាមានវ័យជ្រេក៏ពិតមែន ប៉ុន្តែរូបគេនៅបន្តជាប់ជម្រើសជាតិ មកទស់ពេលនេះ ខណៈមិត្តរួមជំនាន់របស់គេ ដូចជា គួច សុកុម្ភៈ, ឃឹម បូរី, ស៊ូ យ៉ាទី, កុក បូរីស និង ឈិន ឈឿន ជាដើម ខានជាប់ជម្រើសជាតិយូរណាស់មកហើយ ហើយអ្នកខ្លះទៀត បានចូលនិវត្តន៍ពីបាល់ទាត់អាជីព។
គួររំលឹកថា សុះ ស៊ូហាណា ជាកីឡាករដំបូងគេបង្អស់ ដែលរកគ្រាប់បាល់ជូនជម្រើសជាតិកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះ World Cup 2018 តំបន់អាស៊ី ជុំទី២ ពេលប៉ះ សិង្ហបុរី ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃ អង្គារ ទី១១ ខែមីនា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៣នាក់ ចុងក្រោយ ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នឹង ក្រុមជម្រើសជាតិអារូបា។ ក្នុងចំណោមកីឡាករទាំងនោះ មានកីឡាករចូលសញ្ជាតិតែ៥នាក់៕