សម្តេចតេជោ អរគុណ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជួយសម្រួលបញ្ចប់ជម្លោះរវាងយុវជន ណន សុខហេង និងថៅកែរហូតឈានដល់ បើក «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» នៅខេត្តក្រចេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានជួយសម្រួលគ្រប់យ៉ាងក្នុងបញ្ចប់ជម្លោះរវាងយុវជន ណន សុខហេង និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រហូតឈានដល់ការបើក « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » នៅខេត្តក្រចេះ ។
ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែននៅលើបណ្តាញសង្គមនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ៖
បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ ដែលនៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ ខ្ញុំក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ។
ពេលនេះ ចៅ ណន សុខហេង បានផ្ញើរូប និងប្រាប់មកក្រុមជំនួយការខ្ញុំថា ឡដុតនំបុ័ងបានធ្វើរួចរាល់ ហើយចៅក៏រៀនចេះពីវិធីដុតនំប៉័ង និងបានចាប់ផ្ដើមអាជីវកម្ម ដុតនំប៉័ងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » ព្រមទាំងបានអរគុណ មកតា យាយផងដែរ។ ល្អណាស់ចៅដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង ដែល តា និងយាយ បានរៀបចំអោយចៅសម្រាប់ប្រកបចិញ្ចឹមគ្រួសារទៅថ្ងៃមុខ។
តាសូមផ្តាំផ្ញើដល់ចៅគឺត្រូវផលិតឲ្យមានគុណភាព.មានអនាម័យ.ឆ្ងាញ់. និងតម្លៃសមរម្យ.។ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើមដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិនិងតម្លៃ។ចៅត្រូវយក លុយបង្កើតលុយ។
អរគុណលោកជួន ណារិនស្នងការរាជធានីភ្នំពេញដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ។ អរគុណលោកសេង ទៀងដែលបានតាមដានដំណើការរៀបចំការផលិតតាំងពីចាប់ផ្តើមកសាងរហូតដល់ការផលិតនាពេលនេះ។ក្រុមជ្រុលនិយមបានវាយប្រហារតាថាមកគិតរឿងកូនឆ្កែកំប៉ិកកំប៉ុកមិនគិតរឿងជាតិធំៗ។តាតែងតែប្រាប់ទៅគេវិញថាបើមិនចេះដោះស្រាយរឿងកំប៉ិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី តា និងយាយ ជូនពរ ចៅជោគជ័យក្នុងរបរដុតនំប៉័ងរបស់ចៅ៕