រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងជាង ៤លានដុល្លារ គាំទ្រដល់ការដោះមីននៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន ៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
គម្រោងជំនួយនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២០០.០០០ ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់។ ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨ សំណើ។ អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់។ និង ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់៕