សហគមន៍អេកូទេសចរណ៍កោះត្នោតនៅក្រចេះមានអ្នកទេសចរតិចណាស់ដែលបានស្គាល់
ក្រចេះ៖ មានបងប្អូនអ្នកទេសចរតិចណាស់ដែលបានស្គាល់នូវសហគមន៍អេកូទេសចរណ៍កោះត្នោត សូមមកស្គាល់ទាំងអស់គ្នា និងទៅទស្សនាកម្សាន្ត ដើម្បីចូលរួមលើកស្ទួយជីវភាពបងប្អូនតំបន់។
សហគមន៍អេកូទេសចរណ៍កោះត្នោត មានទីតាំងស្ថិតនៅក្នុង ឃុំបឹងចារ ស្រុកសំបូរ ខេត្ត ក្រចេះ ហើយជាកោះមួយស្ថិតនៅតាមបណ្តោយទន្លេមេគង្គភាគខាងជើងវត្ត សរសរ១០០ ស្រុកសំបូ ខេត្តក្រចេះចម្ងាយប្រមាណ ៤៦ គីឡូម៉ែត្រពីទីរួមខេត្ត។
ដើម្បីទៅដល់កោះនេះបាន អ្នកដំណើរ ត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៨ គីឡូម៉ែត្រ ពីទីរួមខេត្ត ទៅដល់រមណីយដ្ឋានវត្តសរសរ១០០ និងបន្តដំណើរតាមផ្លូវគោកដដែលតាមមាត់ទន្លេចម្ងាយ ៤គីឡូម៉ែត្រទៅកំពង់ដរស្វាយចេក រួចបន្តដំណើរតាមទូកពីត្រើយទៅកោះចម្ងាយ៤ គីឡូម៉ែត្រទៀតបានទៅ ដល់សហគមន៍អេកូទេសចរណ៍កោះត្នោត។
សហគមន៍អេកូទេសចរណ៍កោះត្នោតមានភូមិចំនួនបីរួមមាន៖ ភូមិដំរ៉ែ ភូមិកោះដំបង និងភូមិកំពុងរទេះ។ ជាទូទៅប្រជាជនរស់នៅដោយពឹងអាស្រ័យទៅលើការធ្វើស្រែចំការ ចិញ្ចឹមសត្វ ដាំបន្លែ និងការនេសាទ។
សហគមន៍អេកូទេសចរណ៍កោះត្នោត បង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍នេសាទដំរ៉ែ កោះដំបង និងកំពុងរទេះ។ នៅក្នុងតំបន់នេះសំបូរដោយធនធានមានភាពទាក់ទាញ និងស្រស់ស្អាតជាពិសេសគឺសម្រស់ធម្មជាតិស្រស់បំព្រងពីព្រៃឈើ ទន្លេ វាលខ្សាច់ គ្រួស ផ្ទាំងថ្មធំៗ និងទឹកជួរ មិនតែប៉ុណ្ណោះមានធនធានធម្មជាតិដូចជា៖ សត្វ ស្លាប (ក្ងោក ត្រយ៉ង កុក ប្រវឹក ក្អែកទឹក រលក ចាប និងត្រីជាច្រើនប្រភេទក្នុងទន្លេមេគង្គ។
ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីពូនភ្នំស្រូវ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យសែនព្រេន ពិធីលាងអារក្ស ពិធីឡើងអ្នកតាអាពាហ៍ពិពាហ៍ និងរបាំប្រពៃណីជាដើម។ មួយផ្នែកទៀតមានកន្លែងជំនឿអរូបីយដូចជា រូបសំណាក់ថ្មអ្នកតាកង្កែប នាងគ្រប់ល័ក្ខ អ្នកតាកំណប់ថ្មហារ អ្នកតាក្រុងឆេះ បឹងនាងរំលិច និងព្រៃនាងស្អាង ដែល ជាជំនឿរបស់អ្នកភូមិកំពុងរទេះផងដែរ។
ទេសចរអាចថតរូបអនុស្សាវរីយ៍ ជិះកង់ទស្សនាសហគមន៍ ជិះទូកមើលសត្វស្លាបច្រើនប្រភេទ ទស្សនាទេសភាពថ្ងៃលិចតាមមាត់ទន្លេ ពិសារអាហារជួបជុំ សិក្សាស្រាវជ្រាវអំពីការរស់នៅ ក៏ដូចជាទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនតំបន់៕
ព័ត៌មានលម្អិត៖ ០៩៧ ៩៨ ៥២ ៣៨០ លោក សំ ស៊ូ ប្រធានសហគមន៍