ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បញ្ជាទិញទូរថភ្លងដឹកទំនិញថ្មី៦០គ្រឿងបន្ថែម ពីប្រទេសចិន
ព្រះសីហនុ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប ប្រកាសពីការបញ្ជាទិញទូដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែម ពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញ ឱ្យកាន់តែល្អជាងមុន។
ទូរថភ្លើងទាំងនេះ បានមកដល់នៅយប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកចុះពីនាវាបានដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤។ នេះជាបោះជំហានទៅមុខដ៏សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញ តាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។
រថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។ រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយ នៃប្រទេសចិន ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែន តាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។
ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្ម ផ្នែកដឹកជញ្ជូន ដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។
មុននឹងដាក់ឱ្យដំណើរការសេវកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។
លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានមានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ពិសេសមួយ ដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នឹងពង្រីកសេវាកម្មដឹកជញ្ជូនរបស់យើង ដើម្បីផ្តល់នូវប្រសិទ្ធភាពនៃសេវាកម្មកាន់តែខ្ពស់ និងល្អប្រសើរជូនដល់អតិថិជន។
ការនាំចូលបន្ថែមទូរថភ្លើងដឹកទំនិញទាំង៦០គ្រឿងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញ ដែលមានគុណភាពខ្ពស់ និងពង្រឹងតួនាទីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ទូរថភ្លើងដឹកទំនិញទាំងនេះ មិនត្រឹមតែបង្កើនសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រសិទ្ធភាព នៃប្រតិបត្តិការដឹកជញ្ជូនរបស់យើងផងដែរ»។
សូមបញ្ជាក់ផងដែរថា ការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង៦០គ្រឿងនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនៃការអភិវឌ្ឍបន្ថែម តាមចក្ខុវ័ស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ ទូរថភ្លើងដឹកទំនិញ ៦០គ្រឿង ដែលមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាភ្នែកទីមួយនៃការបញ្ជាទិញសរុប២២១គ្រឿង។
ការមកដល់នៃផ្នែកទីពីរដែលមានចំនួន៣៥គ្រឿង រំពឹងថានឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកការដឹកជញ្ជូន៤៥គ្រឿងទៀត ដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀត នៅប៉ុន្មានខែបន្ទាប់។
ការបញ្ជាទិញនេះ ក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក របស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួន ជាដែលផ្នែកមួយដ៏សំខាន់ ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។
សូមជម្រាបផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ២០១០ បន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញ នូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានាជូននូវសុវត្ថិភាព ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ការធ្វើវឌ្ឍនភាពនេះ គឺជាជំហានឆ្ពោះទៅមុខមួយទៀត សម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ក្នុងបេសកកម្មរបស់ខ្លួន ក្នុងការធ្វើជាឆ្អឹងខ្នងនៃបណ្តាញដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ដោយធានាបាននូវដំណោះស្រាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តសម្រាប់អនាគតរបស់ប្រទេសជាតិ។
គួររំលេចដែរថា ថ្មីៗនេះ គេសង្កេតឃើញប្រជាជនខ្មែរ និងទេសចរបរទេសកាន់តែច្រើន នាំគ្នាជិះរថភ្លើងទៅកាន់បណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ ការកើនឡើងនៃការចំនួនអ្នកដំណើរតាមរថភ្លើងនេះ ដោយសារពួកគាត់យល់ឃើញថា ការធ្វើដំណើរតាមរថភ្លើងមានភាពងាយស្រួល មានសុវត្ថិភាព ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ រីឯសំបុត្រក៏មានតម្លៃទាប និងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត នៅតាមដងផ្លូវថែមទៀតផង។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង កាលពីពេលថ្មីៗនេះបាននាំចូលទូរថភ្លើងជាច្រើនគ្រឿង ពីប្រទេសជប៉ុន ដែលទូររថភ្លើងប្រភេទថ្មីទំនើបនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ជាមួយកៅអីអង្គុយងាយស្រួល និងផាសុខភាពផងដែរ។
តាមរយៈវត្តមានទូររថភ្លើងថ្មីនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា វាក៏នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា មានសន្ទុះកាន់តែខ្លាំង ដោយសារការដឹកជញ្ជូនតាមរថភ្លើង មានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើន៕