សម្តេចធិបតីឱ្យ លោកឧកញ៉ា ម៉ុង ឬទ្ធី ផលិតជីសេរីរាង លក់ចែកជូនប្រជាកសិករ ក្នុងតម្លៃទាប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ឱ្យ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាមហាសេដ្ឋីកសិកម្មកម្ពុជា ផលិតជីសេរីរាង(ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស។
ការប្រាប់នេះ ធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគ្រាដែលវេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុតជូនលោកឧកញ៉ា ពិសារអាហារពេលព្រឹកពិភាក្សាលើវិស័យផលិតជីសេរីរាង(ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជម្រុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត ។
លោកឧកញ៉ា ថ្លែងថា៖«ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាំទីរួចមក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លៀសវ័យដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់សម្តេចគឹតគូតែពីផលប្រយោជន៍ជាតិនិងប្រជាជន »។
លោកឧកញ៉ា បន្តថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់កិត្តិយសដល់រូបខ្ញុំនាឱកាសនេះ ។ ខ្ញុំបាទនិងខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេច ដើម្បីបានចូលរួមចំណែកបំរើជាតិប្រជាជន លើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិនេះ» ៕