មហាយក្សអាស៊ី ជប៉ុន ប្រកាសចាយលុយ១,៥៥ពាន់លានដុល្លារទិញមីស៊ីលទំនើបច្រើនរយគ្រាប់ពីអាមេរិក
បរទេស ៖ កាលពីថ្ងៃដើមសប្ដាហ៍កន្លងមកនេះ មេដឹកនាំនៃប្រទេសជប៉ុនលោកនាយករដ្ឋមន្ត្រី Fumio Kishida បានធ្វើការប្រកាសជាសាធារណៈថា លោកនឹងបញ្ចេញថវិការដ្ឋមួយចំនួនក្នុងការបញ្ជាទិញមីស៊ីលប្រភេទ Tomahawk ជាច្រើនរយគ្រាប់ពីសម្ព័ន្ធមិត្តអាមេរិក។
មីស៊ីលទំនើបបំផុតរបស់អាមេរិកប្រភេទនេះចំនួន៤០០គ្រាប់ត្រូវបានជប៉ុនបញ្ជាក់ដែរថាគឺអាចប្រើប្រាស់ក្នុងការបង្កើនសមត្ថភាពនៅក្នុងវិស័យការពារជាតិនៅក្នុងពេលដែលកម្រិតនៃការគំរាមកំហែងដោយប្រទេសចិន និងប្រទេសកូរ៉េខាងជើងបានបន្តកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
កន្លងមករដ្ឋាភិបាលរបស់លោក Kishida ធ្លាប់បានប្រកាសមកហើយដែរថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបញ្ចេញថវិការដ្ឋប្រមាណជា ២១១,៣ពាន់លានយេណន ឬត្រូវជា ១,៥៥ពាន់លានដុល្លារដើម្បីធ្វើការបញ្ជាទិញមីស៊ីលបន្ថែមសម្រាប់កងកម្លាំងការពារជាតិ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ការបញ្ជាទិញមីស៊ីលចំនួន៤០០គ្រាប់ពីប្រទេសអាមេរិកលើកនេះគឺបានអនុម័តរួចរាល់ពីគណកម្មការគ្រប់គ្រងថវិកាជាតិនិងការអនុញ្ញាតពីកម្មវិធីលក់អាវុធរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកផងដែរ។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងទិញមីស៊ីលប្រភេទ Tomahawk ជាមួយជប៉ុនបានធ្វើឲ្យអាមេរិកមានអតិថិជនសម្រាប់មីស៊ីលប្រភេទនេះចំនួន៣មកហើយដែលក្នុងនោះក៏ដូចជាប្រទេសអូស្ត្រាលី និងអង់គ្លេសផងដែរ៕