Close

លឿនមែន! គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣% ហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
លឿនមែន! គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣% ហើយ លឿនមែន! គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣% ហើយ

ភ្នំពេញ៖ គិតត្រឹមំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១១,៥០%ហើយ។ នេះ បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤។

ឯកឧត្តម បន្តថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា មាន សសរគ្រឹះ៣៦ដើម បានចាក់បេតុងរួចរាល់ ក្នុង១៥៦ដើម នៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

បើតាមអ្នកនាំពាក្យរូបនេះ គម្រោងស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានណែនាំជាប្រចាំដល់នាយកគម្រោងត្រូវជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាប្រឹងប្រែងឱ្យសម្រេចសមិទ្ធផលតាមការគម្រោងទុក។

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ស្ពាននេះសម្ពោធបើកការដ្ឋាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទទាក់ទង