ទំនប់វ៉ារីអគ្គិសនីអូរជុំទី១ កំពុងទាក់ចិត្តផ្នែកវិស័យទេសចរណ៍ បន្ទាប់ពីបឹងយក្សឡោម
រតនគិរី៖ ទំនប់បឹងវ៉ារីអូរជុំទី១ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានចម្ងាយប្រមាណ
៦គីឡូម៉ែត្រ ពីទីរួមក្រុងបានលុង បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ផ្នែកវិស័យទេសចរណ៍ ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានទៅលេងកម្សាន្ត បន្ទាប់ពីបឹងយក្សឡោម។
លោក គៀង តុលា អភិបាលស្រុកអូរជុំ ក្នុងឱកាសលោកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជុំវិញមាត់បឹងនា
ព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៤ បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមម្លប់សន្តិភាពបានធ្វើឲ្យទនប់វារីអគ្គិសនីអូរជុំទី១មិនត្រឹមតែបង្កើតបានជាអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ ថែមទាំងកំពុងតែប្រកួតប្រជែងខាងផ្នែកវិស័យទេសចរណ៍គួរឲ្យទាក់ទាញបន្ទាប់ពីបឹងយក្សឡោម បើទោះបីតំបន់ទេសចរណ៍
មួយនេះមិនទាន់បានចុះបញ្ជីជារមណីយដ្ឋាននៅក្នុងក្រសួងទេសចរណ៍ក៏ដោយ ។
អភិបាលស្រុកអូរជុំរូបនេះបន្តថា៖« ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤មានបងប្អូនភ្ញៀវនៅក្នុងស្រុក និង ក្រៅស្រុកយ៉ាងច្រើនកុះករតែងតែនាំគ្នាមកអង្គុយញ៉ាំអាហារជាលក្ខណៈគ្រួសារនិង គយគន់មើលទៅផ្ទៃបឹងហាក់បីដូចជាសមុទ្រទឹកសាប នៃខេត្តភូមិភាគឦសាន្តគួរជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ»។
ចំណែកលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអោយដឹងផងដែរថា ទាក់ទងនឹងការចុះបញ្ជីទំនប់
វ៉ារីអគ្គិសនីអូរជុំទី១អោយក្លាយជាតំបន់ទេសចរណ៍ បច្ចុប្បន្ន លោកកំពុងពិភាក្សាជាមួយអាជ្ញារធពាក់ព័ន្ធ
ពីព្រោះ ទំនប់បឹងនេះស្ថិតនៅក្នុងបញ្ជីសាពើភ័ណ្ឌរបស់ អគ្គីសនីកម្ពុជា (EDC)។
ទំនប់បឹងវ៉ារីអូរជុំទី១នេះបាន កើតឡើងពីការផ្តួចផ្ដើមពីឯកឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកបាន កែច្នៃតំបន់នេះទៅជាទំនប់ទប់យកទឹកសម្រាប់បង្កើតអគ្គិសនីប្រើប្រាស់នៅក្នុងក្រុងបានលុងនិងស្រុកអូរជុំនៅក្នុងកំឡុងឆ្នាំ ១៩៩១និងបានស្ថាបនារួចរាល់ជាស្ថាពរសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៩២។
បច្ចុប្បន្នទនប់បឹងវ៉ារីអគ្គិសនីអូរជុំទី១គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយសត្វស្លាបគ្រប់ប្រភេទដូចជា សត្វប្រវឹក សត្វប្រវែក និងសត្វទាទឹករួមទាំងសត្វផ្សេងៗទៀតជាច្រើនពាន់ក្បាលដែលមកបណ្ដែតខ្លួននៅលើផ្ទៃទឹកបឹងនេះផងដែរ៕