ក្រុមហ៊ុន SunRice Group បង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស
![ក្រុមហ៊ុន SunRice Group បង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស](https://ennasia.com/wp-content/uploads/2024/03/1-8.jpg)
អូស្រ្តាលី៖ ក្រុមហ៊ុន SunRice Group បង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ការបង្ហាញបំណងនេះ ធ្វើឡើង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
![](https://ennasia.com/wp-content/uploads/2024/03/photo_2024-03-04_13-36-50-2-751x1024.jpg)
ក្នុងជំនួបនេះ លោកលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។
ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។
លោក Paul Serra បន្ថែមថា ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។
![](https://ennasia.com/wp-content/uploads/2024/03/photo_2024-03-04_13-36-50-1024x655.jpg)
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចធិបតីក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីបានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ ដេីម្បី គាំទ្រ ដល់សកម្មភាព ធុរកិច្ច និង ពាណិជ្ជកម្ម នៅកម្ពុជាកាន់តែមានសមត្ថភាព ប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុង ការតភ្ជាប់ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន ។ សម្តេច ធិបតី ក៍បាន លេីក ទឹកចិត្ត ឱ្យក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដេីម្បី ស្វែងរក ឱកាស វិនិយោគ បន្ថែមទៀត ដោយសារ ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ របស់កម្ពុជា ៕
![](https://ennasia.com/wp-content/uploads/2024/03/photo_2024-03-04_13-36-49-2-1024x682.jpg)