Close

សូមថែរក្សាសុខភាព! កម្ពុជា នឹងបន្តចុះត្រជាក់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សូមថែរក្សាសុខភាព! កម្ពុជា នឹងបន្តចុះត្រជាក់ សូមថែរក្សាសុខភាព! កម្ពុជា នឹងបន្តចុះត្រជាក់

ភ្នំពេញ៖ ក្រសួងធានធានទឹក និងឧតុនិយម បាន ឱ្យដឹងថា
នៅថ្ងៃទី២៥ និងទី២៦ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ហើយចាប់ពីថ្ងៃទី២៧ ខែធ្នូ ឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាននឹងចុះខ្សោយ។

សេចក្តីជូនដំណឹងស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនៅតាមបណ្តាខេត្តជាប់ក្បែរនឹងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានបន្តត្រជាក់នៅពេលព្រឹក និងចាប់ពីថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសត្រជាក់ថមថយ ជាមួយនឹងសីតុណ្ហភាពកើនឡើង។

ដោយឡែកនៅតំបន់វាលទំនាបវិញ សីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី និង នៅថ្ងៃទី២៥-២៦ ខែធ្នូ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី ១៧-១៩°C។

រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៦-២១°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី និង នៅថ្ងៃទី២៥-២៦ ខែធ្នូ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។

ស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទទាក់ទង