ក្រសួងកសិកម្មដំឡើង ជញ្ជីងយន្តក្នុងវិស័យកសិកម្ម – ផលិតកម្មដំឡូងមី ជូនដល់សហគមន៍មួយនៅខេត្តព្រះវិហារ
ភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក (WB) បានគាំទ្រដល់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ខេត្តព្រះវិហារ ដោយដំឡើងជញ្ជីងយន្តថ្លឹងដំឡូងមី និងប្រព័ន្ធជញ្ជីងថ្លឹង ដើម្បី ឆ្លើយតាមតម្រូវការរបស់សហគមន៍កសិកម្ម។
មួយវិញទៀត ការដំឡើងជញ្ជីងយន្តថ្លឹងដំឡូងមី និងប្រព័ន្ធជញ្ជីងថ្លឹង ដល់សហគមន៍កសិកម្មនេះ ឆ្លើយតបទៅនឹង កង្វះធាតុចូលកសិកម្ម ដែលនៅតែជាបញ្ហាប្រឈមក្នុងផលិតកម្មដំឡូងមី និង ជាបញ្ហាប្រឈមថ្មីសម្រាប់ផលិតកម្មកសិកម្មរបស់ប្រទេសកម្ពុជា ។ ប្រការនេះទាមទាឱ្យមានប្រព័ន្ធផលិតកម្មប្រកបដោយភាពច្នៃប្រឌិតគួត្រូវបានដាក់ឱ្យដំណើការនៅកម្រិតផលិតកម្មកសិកម្មខ្នាតតូច។
ជញ្ជីងថ្លឹងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងប្រតិបត្តិការកសិកម្ម ព្រោះវាអាចជួយសម្រួលដល់ដំណើរការគ្រប់គ្រងការប្រមូលផល។ ចំពោះ ទំហំកសិដ្ឋានអាចមានផលប៉ះពាល់លើប្រសិទ្ធភាព និងប្រាក់ចំណេញយ៉ាងច្រើន វាអាស្រ័យបច្ចេកវិទ្យា ឬសម្ភារដែលសហគមន៍កំពុងប្រើប្រាស់។
រាប់ចាប់ពីការតាមដានទិន្នផលកសិកម្ម រហូតដល់ការគ្រប់គ្រងនិងប្រមូលផលកសិកម្ម, សហគ្រាស និងសហគមន៍កសិកម្មភាគច្រើនពឹងផ្អែកលើដំណោះស្រាយថ្លឹងទម្ងន់ ដើម្បីធានាសុក្រិតភាពក្នុងដំណើរការថ្លឹងទម្ងន់ផលិតផលកសិកម្មប្រចាំថ្ងៃរបស់ពួកគេ។ កិច្ចអន្តរាគមន៍របស់គម្រោងបានជួយកសិករដំឡូងមី បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងការប្រមូលផល និងជួយកាត់បន្ថយការចំណាយលើថ្លៃដើម។
អ្នកជំនាញផ្នែកកសិឧស្សាហកម្ម បានណែនាំសហគមន៍កសិកម្មគួរមានប្រព័ន្ធថ្លឹងទម្ងន់ត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ការអនុវត្តកសិកម្មរបស់ពួកគេ។ ដោយសារតែជញ្ជីងថ្លឹងមានភាពរហ័សរហួន ត្រឹមត្រូវ និងអាចទុកចិត្តបានរាល់ពេល ដែលអាចកាត់បន្ថយការដឹកទំនិញកសិផលិតផលលើសទម្ងន់៕