Close

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសផ្តល់ជូនកូនឈើឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ ១លានដើម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសផ្តល់ជូនកូនឈើឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ ១លានដើម រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសផ្តល់ជូនកូនឈើឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ ១លានដើម

កំពត៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កូនឈើគ្រប់ប្រភេទចំនួន ១លានដើមនឹងចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពត ដោយឥតគិតថ្លៃ សម្រាប់ដាំដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍ឱ្យមានភាពបៃតងស្រស់ ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ នៅក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក នាថ្ងៃអាទិត្យទី ១៩ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨សាលា នៅទូទាំងខេត្តកំពត ។

ឯកឧត្តម បន្ថែមថា ជាមួយគ្នានេះ ភាពបៃតងស្រស់នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិច និងបានបញ្ចេញមកវិញនូវអុកស៊ីសែន ដែលមានសារៈសំខាន់ចំពោះជីវិតនៅលើផែនដី ហើយអុកស៊ីសែនគឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយមនុស្ស និងសភាវៈដែលមានជិវីតដើម្បីដកដង្ហើម ហើយព្រៃឈើស្រូបយកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិចដែលបញ្ចេញដោយសកម្មភាពមនុស្ស ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងឡើងទៀតថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពី ឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាព មួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវ ក្របខណ្ឌការងារ របស់ក្រសួង បរិស្ថានចំនួន៥ ដែលរួមមាន៖ ការ កាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់ គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។

ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌការងារទាំង ៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញ ក្នុង រយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជា សំខាន់ គឺជំរុញការបណ្តុះ និង ដាំកូនឈើសំដៅ បង្កើនគម្រប ព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និង លើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និង អព្យាក្រឹតកាបូន ៕

អត្ថបទទាក់ទង