Close

មោទនភាព​ណាស់​! កីឡា​ការិនី​ ស្រួង​ ភាវី​ ទទួល​ពានរង្វាន់ Asia Special Award 2023​ នៅកូរ៉េខាងត្បូង​

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
មោទនភាព​ណាស់​! កីឡា​ការិនី​ ស្រួង​ ភាវី​ ទទួល​ពានរង្វាន់ Asia Special Award 2023​ នៅកូរ៉េខាងត្បូង​ មោទនភាព​ណាស់​! កីឡា​ការិនី​ ស្រួង​ ភាវី​ ទទួល​ពានរង្វាន់ Asia Special Award 2023​ នៅកូរ៉េខាងត្បូង​

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​២០២៣​ កីឡាការិនី​ ស្រួង​ ភាវី​ បន្តទទួលបានពានរង្វាន់ Asia Special Award 2023 ពីកម្មវិធី Asia Model Festival ដែល​រៀបចំ​ឡើង​នៅប្រទេសកូរ៉េខាងត្បូង​កាលពីដើមសប្ដាហ៍នេះ។

ខាងក្រោម​នេះ​ជា​ការ​បញ្ជាក់​របស់​កីឡាការិនី​ ស្រួង​ ភាវី​ ៖ សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​ នាង​ខ្ញុំ​ត្រូវ​បាន​ជ្រេីសរេីស​ឱ្យ​ទទួល​ពានរង្វាន់ Asia Special Award 2023 ដែល​រៀបចំ​ដោយ​Asia Model Festival នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង។

កីឡាការិនីលេខ៣ លើពិភពលោក និងលេខ ១ នៅកូរ៉េខាងត្បូង នៃកីឡាស្នូកឃ័រ​ រូបនេះ​បាន​បន្ថែម​ថា​ ​៖ ពុក​ម៉ែ​បងប្អូន​ជា​ទី​គោរព​ សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់​ រាល់​ពេល​ទទួល​បាន​ពាន​រង្វាន់​នៅ​ឆាក​អន្តរជាតិ​កន្លង​មក​ នៅ​ពេល​គេ​ហៅ​ឈ្មោះ​ ស្រួង​ ភាវី​ ឡេីង​ទៅ​លេី​វេទិកា​ដេីម្បី​ទទួល​ពានរង្វាន់​ អារម្មណ៍​នាង​ខ្ញុំ​គ្រាន់​តែ​ឮ​ ត្រឹមតែ​ដឹង​ថា​គេ​បាន​ហៅ​ខ្ញុំ​ហើយ​។ ប៉ុន្ដែ​នៅ​ពេល​ឮ​គេ​ហៅ​ថា​ Cambodia Cambodia​ ឡេីង​ទៅ​លេី​វេទិកា​ អារម្មណ៍​របស់​ខ្ញុំ​ពិតជា​រំភើប​ប្រកបដោយ​សេចក្ដី​សោមនស្ស​រីករាយ​​ និង​មោទនភាព​ជា​ពន់ពេក​ ។ ព្រោះ​ថា​ ស្រួង​ ភាវី​ មក​ពី​ប្រទេស​កម្ពុជា​សូម​អញ្ជើញ​ឡេីង​មក​លេី​វេទិកា​ គឺ​ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា​គេ​កំពុង​តែ​ហៅ​ប្រជាជន​កម្ពុជា​ទាំង​អស់​ឡេីង​ទៅ​លេី​វេទិកា​ដេីម្បី​ទទួល​នូវ​កិត្តិយស​ដ៏​ថ្លៃថ្លា​ឧត្តុង​ឧត្តម​នៅ​ឆាក​អន្តរជាតិ។

ស្ត្រីជើងខ្លាំងរូបនេះបន្តថា ពុក​ម៉ែ​បងប្អូន​ កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ បាន​ឧទ្ទិស​រួច​ហើយ​រាល់​សមិទ្ធផល​ទាំង​ប៉ុន្មាន​ដែលនាង​ខ្ញុំ​សម្រេច​បាន​ គឺ​ខ្ញុំ​បាន​ដាក់​ជា​របស់​រួម​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងអស់​ និង​ប្រទេស​ជាតិ​ទាំងមូល​។ ខ្ញុំ​សង្ឃឹម​ថា​រាល់​ភាព​ជោគជ័យ​ដែល​កូន​ខ្មែរ​ទទូល​បាន​ សូម​គាំទ្រ​ ស្រលាញ់​ ផ្ដល់​តម្លៃ​ ផ្ដល់​កម្លាំង​ចិត្ត​ និង​លេីក​ស្ទួយ​ដល់​ពួក​គាត់​ ដែល​បាន​ និង​កំពុង​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ទម្រាំ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅ​លេី​ឆាក​អន្តរជាតិ​នានា។

ជា​ចុង​បញ្ចប់​ នាង​ខ្ញុំ​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់​គ្នា​ សាមគ្គី​គ្នា​ មាន​មេត្តា​ ករុណា​ដល់​គ្នា​និង​គ្នា​ ក្នុង​នាម​ជា​ឈាម​ជ័រ​តែ​មួយ​។ សូម​គោរព​ជូនពរ​ពុក​ម៉ែ​បងប្អូន​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​គ្រប់​ប្រការ​។ សូម​អរគុណ​ ៕

អត្ថបទទាក់ទង