ADB សម្រេចគាំទ្រលើយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន
ភ្នំពេញ៖ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានលើកឡើងពីការប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមនៃអាទិភាព គឺភាពស្អាត ភាពបៃតង និង ចីរភាព។
ការលើកឡើងបែបនេះរបស់លោកស្រីនាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្វើឡើង ក្នុងពេលទទួលបានការអនុញ្ញាតជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣។
ក្នុងនោះ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានអះអាងថា ADB នឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថាន ស្របតាមទស្សនវិស័យស្អាត បៃតង និងចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការងារអាទិភាពរបស់ក្រសួងដែលបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
យុទ្ធសាស្ត្ររបស់ក្រសួងនេះដែរ ត្រូវបានបង្កើតឡើង ដោយអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស ចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន សុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០»៕