សភាសហភាពអឺរ៉ុបនឹងបន្តសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យកសិកម្ម អប់រំ និងធុរកិច្ច
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការជាមួយកម្ពុជាជាយូរមកហើយ ទៅលើវិស័យកសិកម្ម, អប់រំ និងធុរកិច្ច ហើយសភាសហភាពអឺរ៉ុប នឹងបន្តកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។
ឯកឧត្ដម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម អ៊ីហ្គោរ៍ ទ្រីសម៉ាន់បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត ។ សម្រាប់សភាសភាពអឺរ៉ុប យើងបានមានទំនាក់ទំនង សហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ជាយូរមកហើយ ដោយផ្តោតលើវិស័យ វិស័យកសិកម្ម អប់រំនិងធុរកិច្ច ។
ឯកឧត្ដមបន្តថា ការជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ សហភាពអឺរ៉ុបតាមរយៈកិច្ចសហប្រតិបត្តិការកន្លងមកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជាច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលមន្ត្រី នៅស្ទឹងមានជ័យ និងសម្រេចបានគម្រោងមួយចំនួនផងដែរ។
ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បើមានអ្វីត្រូវពឹងពាក់សភាពអឺរ៉ុបអោយជួយនោះ សហភាពអឺរ៉ុបនឹងជួយរាជធានីភ្នំពេញ។ បន្ថែមពីនេះ ឯកឧត្ដម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ ឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ហើយពិធីនេះអាចរៀបចំក្នុងរដូវប្រាំង។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍រៀបរាប់ពីភូមិសាស្ត្រនិងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ ដោយឯកឧត្ដមបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពតហើយនោះ នៅបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើអោយរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាងស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍៕