រុស្សី ត្រៀមកងវិរៈសេនាធំបម្រុងចំនួន៩ ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergeri Shoigu កាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែនដោយក្នុងនោះកងវិរៈសេនាធំសម្រាប់បម្រុងប៉ុណ្ណោះមានចំនួនដល់ទៅ៩អង្គភាពដែលបានរៀបចំរួចជាស្រេច។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះថា៖តាមរយៈកុងត្រាដែលយើងបានទទួលបានគិតត្រឹមថ្ងៃទី៥ ខែតុលា យើងបានបែងចែកកងវីរៈសេនាធំចំនួន៩រួចទៅហើយដើម្បីបម្រុងក្នុងការធ្វើប្រតិបត្តិការសង្គ្រាម។
លោកបានបន្តថា ៖ ក្រុមពលរដ្ឋស្ម័គ្រចិត្តដែលយើងបានជ្រើសរើសក្នុងអំឡុងពេលនេះមានទៅដល់ ៣៨,០០០នាក់។ ពួកគេបាននាំគ្នាចូលរួមដោយភាពស្វាហាប់ និងពោរពេញទៅដោយកម្លាំងកាយចិត្ត ហើយក្នុងនោះក៏មានអ្នកខ្លះគឺជាអ្នកដែលធ្លាប់បានឆ្លងកាត់វគ្គហ្វឹកហ្វឺនយោធារួចមកហើយពី១ដងទៅ៣ដងផងដែរ។
របាយការណ៍និងសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីរូបនេះបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចដើម្បីត្រួតពលទាហាននៅទីតាំងមូលដ្ឋានទ័ពរបស់ខ្លួននៅភាគខាងត្បូងប្រទេស។
គួរឲ្យដឹងដែរថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមធ្វើឡើងតាំងតែពីខែមិថុនារបស់អ៊ុយក្រែនហាក់ដូចជាមិនសូវទទួលបានលទ្ធផលឡើយ ប៉ុន្តែនៅតែកំពុងបន្តធ្វើឡើងនៅឡើយ។
ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា គិតចាប់តាំងតែពីថ្ងៃទី៤ ខែមិថុនាមកអ៊ុយក្រែននៅក្នុងប្រតិបត្តិការវាយបកនេះបានបាត់បង់ជីវិតយោធារបស់ខ្លួនដល់ទៅជាង៩ម៉ឺននាក់ និងសព្វាវុធរាប់ពាន់គ្រឿងផ្សេងទៀតផងដែរ៕