ក្រសួងអភិវឌ្ឍន៍ជនបទដាក់គោលដៅផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់១០០% នៅឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដាក់គោលដៅក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅគ្រប់ទីកន្លែងត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកសម្រេចបាន៨០%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ១១ខែកញ្ញាម្សិលមិញនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកអគ្គរាជទូតជប៉ុនអំពីគោលនយោបាយអនុវត្តបន្តរបស់ក្រសួង ដោយសំដៅធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ក្រសួងក៏មានគោលនយោបាយក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការអប់រំប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត។ ក្នុងនោះ ឯកឧត្តមបានគូស បញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងសម្រេចបាន ៨០% នៃផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ ហើយដែលនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង។
ជាគោលដៅមួយរបស់ក្រសួង ដែលនឹងដើរទន្ទឹមគ្នាជាមួយការគាំពារសុខមាលភាពប្រជាជនផងដែរ គឺ ក្រសួងនឹងធ្វើការពាក់ព័ន្ធលើការអប់រំប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងពីកិច្ចខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។ ជាមួយនេះ ក្រសួងបាន និងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនីត្តិកាលទី៦ និងបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យមានភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
ភាគីទាំងពីរ បានប្ដេជ្ញានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ជនបទ៕